មនុស្សនៅសម័យបុរាណ តែងស្វែងរកហាត់រៀនវិជ្ជាសិល្ប៍មន្តអាគមគាថាផ្សេងៗ ដើម្បីការពារខ្លួនពីសត្រូវ ជាពិសេសអ្នកចម្បាំងតែម្តង ដែលប្រើតែ កាំបិត ពូថៅ លំពែង...នោះ ដូច្នេះពួកគេក៏ត្រូវមានត្រណមជាច្រើនដែរ ដែលត្រូវតម បើមិនដូច្នោះទេ នឹងធ្វើឲ្យមន្តអាគមរបស់គេសាបរលាប ។
ត្រណមទី១ - កុំឲ្យអ្នកដទៃវាយក្បាល : អ្នកចម្បាំងសម័យបុរាណ ចូលចិត្តបញ្ចុះមន្តអាគមនៅត្រង់ក្បាល ដើម្បីឲ្យខ្លួនក្លាយ ជាមនុស្សខ្លាំងពូកែ ។ បុរសនាសម័យនោះ ចាត់ទុកក្បាលមានតម្លៃស្មើនឹងជីវិត ដោយមិនព្រមឲ្យនរណាម្នាក់មកប៉ះ ឬវាយក្បាលឡើយ បើធ្វើដូច្នេះ មន្តអាគមនឹងសាបរលាប លើកលែងតែអ្នកដែលគេ(អ្នកចម្បាំង) ត្រូវគោរព ដូចជា ឪពុក ម្តាយ ឬចៅហ្វាយនាយ ទើប អនុញ្ញាតឲ្យប៉ះក្បាលបាន ។
ត្រណមទី២ - ហាមអង្គុយលើខ្នើយ : អ្នកដែលមានមន្តអាគម មិនត្រូវយកខ្នើយមកទ្រាប់អង្គុយជាដាច់ខាត ព្រោះវាធ្វើឲ្យ មន្តអាគមគាថា ដែលបានរៀនមកទាំងប៉ុន្មានត្រូវសាបរលាប ព្រោះខ្នើយ គឺជាវត្ថុទុកសម្រាប់សំពះព្រះមុនចូលដំណេក ដូចនេះបើយកវា មកអង្គុយលើ ស្មើនឹងមើលងាយគ្រូបាធ្យាយ ធ្វើឲ្យវិជ្ជាដែលរៀនមកទាំងប៉ុន្មាន ត្រូវរលាយអស់ ។
ត្រណមទី៣ - ហាមបោសសំរាមនៅពេលយប់ : មនុស្សនៅសម័យនោះជឿជាក់ថា មនុស្សល្អមានខ្មោចតាមថែរក្សា តែ ប្រសិនបើងើបឡើងមកសំអាតផ្ទះនៅពាក់កណ្តាលយប់ ធ្វើឲ្យខ្មោចបិសាចឈប់ថែរក្សា ។
ត្រណមទី៤ - មិននិយាយនៅពេលយប់ : ទោះបីជាមានសំឡេងរំខានយ៉ាងណាក៏ដោយ ក៏មនុស្សប្រុសសម័យមុន មិនព្រម និយាយនៅពេលពាក់កណ្តាលយប់ដែរ ព្រោះពេលនោះ គឺជាពេលដែលខ្មោចបិសាច ចូលចិត្តសាកល្បងវិជ្ជា និងបញ្ចេញអថ័នមិនល្អ ។ ប្រសិនបើហើបមាត់និយាយ មន្តអាគមនោះនឹងចូលខ្លួនរបស់អ្នក ដែលគេនិយមហៅថា ត្រូវអំពើគេនោះឯង ។
ត្រណមទី៥ - ហាមកាត់ក្រចកនៅពេលយប់ ក្រចក សរសៃសក់ ជារបស់ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ដូចនេះ ទើបពួកគេ មិនហ៊ានកាត់ក្រចកនៅពេលយប់ឡើយ ព្រោះខ្លាចមានអ្នកដទៃយកបំណែកក្រចកនោះ ទៅធ្វើមន្តអាគម និងធ្វើអំពើអាក្រក់ដល់ខ្លួន។
ត្រណមទី៦ - មិនទទួលទានត្រឡាច ឃ្លោក ននោង និងត្រីគ្មានស្រកា : ការសាក់លើខ្លួនប្រាណនៅសម័យបុរាណ មិនដូច ការសាក់នៅសម័យបច្ចុប្បន្ននេះ ដែលគ្រាន់តែជាការសាក់លំអខ្លួនតែប៉ុណ្ណោះ ឯការចាក់សាក់នៅសម័យបុរាណ គឺជាការបញ្ចុះមន្តអាគម ការពារខ្លួនពីសត្រូវ ឬផ្លូវងងឹតផ្សេងៗ ។ បន្ទាប់ពីសាក់រួច អ្នកចម្បាំងទាំងអស់ ត្រូវតមទទួលទានត្រឡាច ននោង ឃ្លោក ឬត្រីគ្មាន ស្រកា បើមិនដូច្នេះទេ មន្តអាគមនឹងសាបរលាបអស់ ។
ត្រណមទី៧ - ហាមជេរម្តាយរបស់សត្រូវ : ដើម្បីឲ្យមនុស្សផងទាំងពួងមានការពេញចិត្តចំពោះខ្លួន មនុស្សប្រុសសម័យមុន តែងស្វែងរកគ្រូដើម្បីបញ្ចុះមន្តអាគមស្នេហ៍ ដែលគេនិយមហៅថា សារិកាលិនថោង ។ ប៉ុន្តែមន្តអាគមនេះនឹងសាបរលាបទៅវិញ ប្រសិនបើអ្នកនោះ ជេរម្តាយរបស់គូសត្រូវ ព្រោះមាតា គឺជាអ្នកមានគុណរបស់មនុស្សប្រុស ។
ត្រណមទី៨ - ហាមដើរកន្លងសៀវភៅ : មនុស្សសម័យបុរាណចាត់ទុកថា សៀវភៅជាគ្រូទី២ ដូច្នេះត្រូវចេះថែរក្សាឲ្យបាន ស្អាតល្អ មានរបៀប មិនត្រូវបោះលេង ឬដើរជាន់លើសៀវភៅឡើយ ប្រសិនបើនរណាម្នាក់ហ៊ានដើរជាន់ ឬដើរកន្លងលើសៀវភៅនោះ គេជឿថា រៀបមិនចេះ និងអាប់បញ្ញា ។
ត្រណមទី៩ - ហាមឆ្លើយតបសំឡេងប្លែកៗ : មនុស្សសម័យដើម តែងហាមកូនចៅ មិនត្រូវឆ្លើយតបឡើយ នៅពេល ដែលឮសំឡេងប្លែកៗ ដូចជា សំឡេងសត្វ ឬមនុស្សហៅចំឈ្មោះ ពិសេសគឺនៅពេលយប់តែម្តង ។ ឬបើមុននឹងឆ្លើយតប គេត្រូវបើកទ្វារ មើលឃើញឲ្យច្បាស់សិន បើមិនដូច្នោះទេ អាចត្រូវវិញ្ញាណអាក្រក់ ឬអំពើអាបធ្មប់ អាចចូលសណ្ឋិតក្នុងខ្លួនអ្នកភ្លាមៗ ៕


















No comments:
Post a Comment