ផ្កាអង្គាសីលត្រូវបានជនជាតិចិនជឿជាក់បំផុតថានឹងនាំមកនូវជោគសំណាងក្នុងថ្ងៃបុណ្យចូលឆ្នាំរបស់ពួកគេ។ផ្កានេះមិនថាពលរដ្ឋរស់នៅក្នុងប្រទេសចិនទេសូម្បីតែនៅបរទេសនានាដូចជាកម្ពុជាយើងក៏តែងមានបងប្អូនកូនចៅចិនមានជំនឿយ៉ាងមុតមាំផងដែរ។នៅតាមផ្សារឬទីតំបន់ប្រជុំជននៅពេលកៀកដល់ថ្ងៃបុណ្យចូលឆ្នាំចិនគេឃើញមានលក់ផ្កានេះយ៉ាងច្រើនហើយតម្លៃមានចាប់ពី៥០០០រៀលរហូតដល់៥០ដុល្លាក៏មាន។
ផ្កាអង្គាសីលមានដុះគ្រប់ទិសទីនៅប្រទេសកម្ពុជាមិនថាតាមតំបន់ភ្នំឬវាលទំនាបទេ។រៀងរាល់ជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិនគេតែងកាប់យកមកលក់តាមទីក្រុងឬទីប្រជុំជនពិសេសកន្លែងដែលសម្បូរជនជាតិចិនរស់នៅតែម្តង។
ផ្កាប្រភេទនេះត្រូវបានជនជាតិចិន ជឿថានៅពេលបានដាក់ក្នុងផ្ទះសម្បែងនឹងនាំមកនូវភាពត្រជាក់ត្រជុំហើយមានភាពស្រស់បំព្រងពេញមួយឆ្នាំ។ក្រៅពីនេះវាក៏នាំមកនូវជោគទ្រព្សសម្បត្តិក្នុងឆ្នាំនោះដល់ពួកគេផង។ផ្កានេះផ្តល់ជោគលាភល្អបំផុតគឺវានឹងរីកស្គុះស្គាយរយះពេលបីថ្ងៃក្នុងថ្ងៃបុណ្យចូលឆ្នាំចិន។
តើទិញផ្កាអង្គាសីលនៅពេលណានិងជ្រើសរើសមែក ដើមបែបណា?
ចំពោះពេលវេលាល្អបំផុតសម្រាប់ទិញផ្កាអង្គាសីលគឺចាប់ពី៣ទៅ៦ថ្ងៃមុនចូលឆ្នាំចិនឈានមកដល់ព្រោះថាពេលវេលានេះយើងអាចប៉ាន់ប្រមាណដឹងថាផ្កាដែលទើបចេញពន្លកមកវានឹងរីកស្គុះស្គាយល្អក្នុងរយះពេលបីថ្ងៃនៃបុណ្យចូលឆ្នាំតែម្តង។
ក្រៅពីនេះនៅពេលទិញផ្កាអង្គាសីលមកហើយត្រូវតែដុតគល់វានៅពេលមុនដាក់ក្នុងផើងហើយអ្នកត្រូវចងចាំថាទឹកក្នុងផើងនោះត្រូវស្អាតជានិច្ច។បើចង់ឱ្យផ្ការីកបានល្អគួរដាក់គ្រាប់វិតាមីនB១និងប៉ូតាស្យូមចូលទៅក្នុងផើងផ្កាដើម្បីជួយចិញ្ចឹមដើមនិងបំប៉នស្លឹកផ្កាឱ្យមានភាពស្រស់បំព្រងហើយអាចបញ្ចេញផ្កាបានច្រើន។
ចំពោះការជ្រើសរើសមែកនោះគឺគួររកមែកផ្កាអង្គាសីលណាដែលមានថ្នាំងញឹក តែមានផ្កាច្រើននិងធំៗព្រោះថានៅពេលផ្ការីកនឹងមានភាពក្រាសល្អនិងស្រស់ស្អាត។ចំណែកដើមគួររកថ្នាំខ្លីនិងតូចមែកធំ។សំខាន់បែកមែកចេញច្រើនពីដើម។
ការរើសដើមបែបនេះនឹងមានរូបរាងស្អាតល្អ។ចំណែកដើមនឹងទម្ងន់មែករបស់វាមានលំនឹងសើ្មគ្នាមិនទ្រេតឬវៀចទៅខាងណា។
ក្រៅពីនេះនៅពេលដាក់ដើមក្នុងផើងហើយដាច់ខាតមិនត្រូវស្រោចទឹកច្រើនឡើយព្រោះថាដើមផ្កាអង្គាសីលជាប្រភេទរុក្ខជាតិមិនចូលចិត្តទឹកច្រើនបើពុំនោះវានឹងត្រូវរលួយឬសងាប់ជាក់ជាពុំខាន។
ផ្កាអង្គាស៊ីលវាអាចបន្តពូជដោយការបណ្តុះគ្រាប់ឬកាប់មែកផ្សាំ។ចំណែកឬសរបស់វាគេប្រើសម្រាប់ថ្នាំបញ្ចុះព្រូន បំបាត់ទឹករងៃនិងដើមវាមានរស់ជាតិល្វីង គេអាចប្រើសម្រាប់ធ្វើថ្នាំជួយឱ្យបរិភោគអាហារបានច្រើនទៀតផង៕





















No comments:
Post a Comment