ចាស់ៗសម័យបុរាណបានណែនាំហាមប្រាមកូនចៅដែលជាស្ត្រីមានផ្ទៃពោះឱ្យ ប្រកាន់ខ្ជាប់ ត្រណមផ្សេងៗ តាមជំនឿតៗគ្នាតាំងពីបុរាណ ហើយមកដល់សព្វថ្ងៃនេះ ទោះបីជំនឿទាំងនោះហួសសម័យ ទៅហើយក្តី ក៏មានមនុស្សមួយចំនួននៅតែមានជំនឿនិងស្ថិតក្នុងមង្ទិលសង្ស័យ ឬមានអ្នកខ្លះ ទោះបីមិនជឿក៏ ហាក់ដូចជាញញើតនឹងបំពានបម្រាមទាំងនោះ ។ ទោះជាយ៉ាងណាជំនឿទាំងនោះភាគច្រើនគឺចាស់ៗបុរាណ យកមកអប់រំផ្លូវចិត្តនិងស្មារតីស្ត្រីមានផ្ទៃពោះ ដែលចំណុចខ្លះក៏មានប្រយោជន៍ផងដែរ ។
ខាងក្រោមនេះជាជំនឿផ្សេងៗពីបុរាណទាក់ទងនឹងស្ត្រីមានផ្ទៃពោះ ដែលអ្នកគួរយកមកពិចារណា ថ្លឹងថ្លែងមើលថា តើគួរជឿ ឬមិនគួរជឿ សមរម្យ ឬមិនសមរម្យ សម្រាប់សង្គមបច្ចុប្បន្ន...
ហាមទៅមើលអ្នកដទៃសម្រាលកូន បើពុំដូច្នេះទេទារកក្នុងពោះនឹងខ្មាសអៀនមិនព្រមប្រសូត្រចេញមក: នេះជាជំនឿដែលស្ត្រីមានផ្ទៃពោះឆ្ងល់ដូចគ្នាថា ក្មេងប៉ុននេះចេះអៀនហើយឬ? តែតាមពិតមនុស្ស បុរាណប្រហែលជាខ្លាចថា បើស្ត្រីបានឃើញការប្រសូប្របុត្រដ៏សែនវេទនាហើយមុខជាព្រឺខ្លាច រហូតដល់ អស់កម្លាំងចិត្តទើបហាមបែបនេះទៅ ។
មុជក្រោមពោះដំរីនឹងងាយសម្រាលកូន ថែមទាំងកូនស្រួលចិញ្ចឹម: សម័យ នោះដំរីជាសត្វដែលគេ ចាត់ទុកថា ស័ក្តិសិទ្ធិខ្លាំងណាស់ ការដែលស្ត្រីមានផ្ទៃពោះមកមុជក្រោមពោះដំរី ដើម្បីឱ្យស្ត្រីមានកម្លាំងចិត្តថា សម្រាលកូនលើកនេះឈឺដូចស្រមោចខាំតែប៉ុណ្ណោះឯង ។
ហាមត្រៀមរបស់របរប្រើប្រាស់របស់ទារកទុកជាមុន បើមិនដូច្នេះទេក្មេងនឹងមានរឿងដែល មិននឹកស្មានដល់: ចំណុច នេះមនុស្សសម័យថ្មីច្បាស់ជាមិនយល់ស្របឡើយ ព្រោះឪពុកម្តាយណាក៏លួចត្រៀម កន្ទប ដបទឹកដោះគោ ឧបករណ៍ផ្សេងៗទុកឱ្យកូនតាំងពីអាយុគភ៌មិនប៉ុន្មានខែផង ប៉ុន្តែមនុស្សបុរាណ ហាមបែបនេះ ព្រោះសម័យនោះមានទារកស្លាប់នៅពេលកើតច្រើនណាស់ ទើបយាយតាមិនចង់ឱ្យត្រៀម របស់របរក្មេងទុកព្រោះមិនចង់ឱ្យមាតាបិតាមកឃើញរបស់អស់ទាំងនេះហើយ កាន់តែខូចចិត្ត ។



















No comments:
Post a Comment