ប្រទាលនាងក្វាន់ គឺជារុក្ខជាតិមួយប្រភេទដែលមានពាក់ព័ន្ធនឹងជំនឿផងដែរនៅក្នុងតំបន់ អាស៊ីយើងនេះដែលគេមានជំនឿថា ជារុក្ខជាតិ ឬប្រទាលដែល មានតួនាទីការ ពារគេហដ្ឋាននិងនាំសារទៅឋានលើ ។ ជាងនេះទៅទៀតរុក្ខជាតិ នេះក៏ត្រូវបានគេជឿថា ជារុក្ខជាតិដែលនាំមកនូវអាយុយឺនយូរនាំលាភនិងទ្រព្យ ចូលគេហដ្ឋានទៀតផង ។
រុក្ខជាតិនេះមានឈ្មោះច្រើនទៅតាមស្រុកទេសនីមួយៗដោយនៅ ប្រទេសកម្ពុជា និងប្រទេសថៃគេនិយមហៅថាប្រទាលនាងក្វាន់ សម្រាប់ប្រទេស វៀតណាម និងចិន គេហៅថា បេះដូងព្រះពុទ្ធ ឬព្រះហត្ថព្រះពុទ្ធ ។
ចំណែក អ្នកវិទ្យាសាស្ត្រវិញគេបានហៅរុក្ខជាតិមួយប្រភេទនេះថា អាឡូកាសៀ ហ្សូសូឡាតា ដែលជារុក្ខជាតិមានមើម ហើយស្លឹកមានរាងដូចជាបេះដូង មានស្រទាប់ស្តើង និងមានទងស្រលូន ហើយវាអាចលូតលាស់បានកម្ពស់មួយម៉ែត្រ និងរុក្ខជាតិ ដែលមានភាពរឹងមាំ ។ រុក្ខជាតិនេះលូតលាស់រហ័សតែមិនធំនិងមិនខ្ពស់ទេ វា លូតលាស់នៅតែក្នុងតំបន់ត្រូពិកដែលមានលក្ខណៈក្តៅសើមប៉ុណ្ណោះ ហើយអាចទ្រាំបានគ្រប់រដូវកាលតែជាទូទៅរុក្ខជាតិនេះត្រូវការភាព ត្រជាក់ជាងក្តៅ ហើយគេអាចដាំវានៅក្នុងដីក៏បាន ឬដាក់ដាំនៅក្នុងទឹកក៏បាន ។
សម្រាប់នៅក្នុងតំបន់អាស៊ីវិញរុក្ខជាតិនេះត្រូវបានគេមានជំនឿថា មាន ទេពធីតាសណ្ឋិតនៅក្នុងដើមនេះ ដែលគេតែងតែដាំវានៅខាងមុខទ្វារ ហើយគេ មានជំនឿថា ទេពធីតាដែលសណ្ឋិតនេះមានមុខងារជួយការពារគេហដ្ឋានមួយជាន់ទៀត បន្ទាប់ពីទេវតាព្រះភូមិនោះ ។ គេក៏ជឿផងដែរថា នៅពេលដែលមានខ្យល់បក់ប៉ះស្លឹកនេះ គឺប្រៀបដូចម្រាមដៃបក់ផាត់យកលាភ និងសំណាងល្អចូល មកក្នុងគេហដ្ឋាន ។ ម្យ៉ាង ទៀតប្រទាលនាងក្វាន់ ឬក៏បេះដូងព្រះពុទ្ធនេះសម្រាប់ នៅក្នុងប្រទេសចិនវិញ គឺប្រជាជនមានជំនឿថា ជាអ្នកនាំសារទៅកាន់ឋានលើ ។ ដោយនៅក្នុងតំណាលរឿងព្រេងរបស់ចិនបានលើកឡើងថា មូលហេតុដែលនាំឱ្យរុក្ខជាតិនេះមានទង ស្រលូន ស្លឹករាងបេះដូងនោះ ក៏ព្រោះតែទងរបស់រុក្ខជាតិ ប្រៀបទៅនឹងព្រះហត្ថរបស់ព្រះពុទ្ធមានសមត្ថភាពអាចលូនចូលទៅដល់ ឋានលើ ហេតុនេះហើយទើបគេជឿថា រុក្ខជាតិគឺនឹងនាំឱ្យមានអាយុវែងនិងប្រាថ្នាអ្វីបានសម្រេច ជាពិសេសនៅក្នុងការបួង សួងសូមឱ្យមានទ្រព្យសម្បត្តិនោះ ។ បើតាមជំនឿរបស់ចិនរុក្ខជាតិនេះក៏អាចយកទៅដាំនៅខាងក្នុងគេហដ្ឋាន បានដែរ តែបើចង់បានភាពកក់ក្តៅគេតែងដាំនៅមុខទ្វារផ្ទះ ៕


















No comments:
Post a Comment